
កាលបរិច្ឆេទ: ២០ កក្កដា ២០២៦ / កសិកម្ម / Author : ATH Sokren
ថ្លែងទៅកាន់ថ្នាក់ដឹកនាំសហគ្រាសធុនតូច និងមធ្យម ក្នុងឱកាសជួបសំណេះសំណាលជាមួយសហគ្រាសធុនតូច និងមធ្យម (SMEs) កាលពីពេលថ្មីៗនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារមួយលើទំព័រ Facebook ផ្លូវការរបស់សម្ដេច អំពីសកម្មភាពរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រសហគ្រាសធុនតូច និងមធ្យម។ សារនោះត្រូវបានអមដោយរូបថតមួយដែលសម្ដេចកំពុងទស្សនាស្តង់ពិព័រណ៍ផលិតផលរបស់ក្រុមហ៊ុនខនហ្វីរេល (Confirel)។
តាមរយៈការជ្រើសរើសរូបភាពនេះ សម្ដេចបានផ្តល់តម្លៃដ៏ខ្ពង់ខ្ពស់ដល់ក្រុមហ៊ុន Confirel ដែលចាប់តាំងពីថ្ងៃបង្កើតមក បានប្តេជ្ញាចិត្តលើការបង្កើនតម្លៃបន្ថែមទៅដល់ផលិតផលខ្មែរពិតប្រាកដ ដោយផ្អែកលើគោលការណ៍អភិវឌ្ឍន៍ប្រកបដោយចីរភាព សេដ្ឋកិច្ចវិលជុំ (Circular Economy) និងការចូលរួមរបស់សហគមន៍ជនបទ។
ដោយស្មោះត្រង់ចំពោះទស្សនវិជ្ជានេះ ក្រុមហ៊ុនបានកែច្នៃផលិតផលកសិកម្មក្នុងស្រុកជាច្រើនឱ្យទៅជាផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ទទួលបានវិញ្ញាបនបត្រសរីរាង្គ (Organic Certification) និងអនុលោមតាមស្តង់ដារអន្តរជាតិ ដែលអនុញ្ញាតឱ្យផលិតផលរបស់ខ្លួនចូលទៅកាន់ទីផ្សារលំដាប់ខ្ពស់ ដោយធានាបាននូវតម្លៃសមរម្យ និងយុត្តិធម៌សម្រាប់កសិករដៃគូ។
តាមរយៈការចូលរួមក្នុងការរៀបចំ និងពង្រឹងខ្សែសង្វាក់តម្លៃជាមួយនឹងផលិតករនៅជនបទ Confirel មិនត្រឹមតែធានានូវគុណភាព និងការតាមដានប្រភពដើមនៃផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាការបែងចែកតម្លៃដោយសមធម៌នៅគ្រប់ដំណាក់កាលនៃខ្សែសង្វាក់ផលិតកម្ម ចាប់ពីកសិដ្ឋានរហូតដល់អ្នកប្រើប្រាស់ចុងក្រោយ។
សព្វថ្ងៃ គំរូអភិវឌ្ឍន៍នេះត្រូវបានស្ថាប័នអន្តរជាតិជាច្រើនលើកសរសើរ និងចាត់ទុកថា ជាគំរូល្អមួយដោយផ្អែកទៅលើការអភិវឌ្ឍប្រកបដោយចីរភាព និងទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន។
ការបង្ហាញផលិតផលរបស់ Confirel ក្នុងរូបថតដែលសម្ដេចនាយករដ្ឋមន្ត្រីបានចែករំលែកនៅតាមបណ្តាញសង្គម ក៏បានរួមចំណែកដល់ការលើកស្ទួយមុខមាត់កម្ពុជាថាជាប្រទេសដែលពឹងផ្អែកលើធនធានធម្មជាតិ និងចំណេះដឹងបែបបុរាណរបស់ខ្លួន ដើម្បីកសាងសេដ្ឋកិច្ចទំនើប ប្រកបដោយនវានុវត្តន៍ និងការទទួលខុសត្រូវ។
រូបភាពនេះក៏ផ្ទុយពីការយល់ឃើញអវិជ្ជមានដែលត្រូវបានគេភ្ជាប់ប្រទេសកម្ពុជាទៅនឹងមជ្ឈមណ្ឌលឆបោកតាមអនឡាញ តែវាបានបញ្ជាក់ច្បាស់ថា ប្រទេសកម្ពុជាមានសហគ្រាសធុនតូច និងមធ្យមគំរូជាច្រើន ដែលតំណាងនៃសេដ្ឋកិច្ចដោយផ្អែកលើផលិតផលប្រកបដោយគុណភាព តម្លាភាព និងចីរភាព។
ក្រុមហ៊ុន PPM–Confirel ចាត់ទុកការជ្រើសរើសរូបភាពនេះថា ជាការលើកទឹកចិត្តដ៏មានតម្លៃបំផុតមួយចំពោះសហគ្រិនខ្មែរជំនាន់ថ្មី និងជាការអំពាវនាវឱ្យសហគ្រាសក្នុងស្រុកយកគំរូតាម Confirel ដោយចាប់ផ្តើមពីផលិតផលក្នុងស្រុករបស់ខ្មែរ វិនិយោគលើនវានុវត្តន៍ អនុវត្តគោលការណ៍សេដ្ឋកិច្ចវិលជុំ និងឆ្ពោះទៅរកស្តង់ដារអន្តរជាតិ ដើម្បីកសាងសហគ្រាសមួយដែលរួមចំណែកដល់វិបុលភាពរបស់ប្រទេស គោរពសិទ្ធិមនុស្ស ធម្មជាតិ និងអត្តសញ្ញាណរបស់កម្ពុជា៕